បានលុយលើគោក! Apple ថានឹងឲ្យ ១លាន$ បើមានអ្នកណាអាច Hack ប្រព័ន្ធខ្លួនបាន
Makara Rin
OCTOBER 27 2024
គន្លឹះល្អៗ
867 views
2 mins read

ក្រុមហ៊ុន Apple បានប្រកាសអំពីរង្វាន់ថ្មីមួយដែលមានទឹកប្រាក់រហូតដល់ ១លានដុល្លារ សម្រាប់អ្នកដែលអាច Hack ចូលទៅក្នុងផ្លេតហ្វម Cloud AI របស់ខ្លួនដែលហៅថា Private Cloud Compute (PCC)។ ការធ្វើបែបនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ Apple ក្នុងការការពារភាពឯកជនរបស់អ្នកប្រើប្រាស់ និងគោលបំណងធានាឱ្យបាននូវសុវត្ថិភាពរឹងមាំសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ AI របស់ខ្លួន។

ដោយបើកឱ្យមានការសាកល្បង PCC ក្រុមហ៊ុន Apple បានអញ្ជើញ Developer អ្នកជំនាញផ្នែកសន្តិសុខ និងសាធារណជនទូទៅដែលមានជំនាញផ្នែកបច្ចេកវិទ្យា ឱ្យពិនិត្យមើលសន្តិសុខ AI cloud របស់ខ្លួន។ ពីមុន មានតែអ្នកជំនាញសន្តិសុខជ្រើសរើសប៉ុណ្ណោះដែលអាចចូលប្រើ PCC បាន ប៉ុន្តែការប្រកាសថ្មីរបស់ Apple ឥឡូវនេះអនុញ្ញាតឱ្យមានក្រុមកាន់តែធំអាចរកឃើញភាពដែលងាយរងគ្រោះដែលអាចកើតមាន។

3

ផ្លេតហ្វមមួយនេះ គាំទ្រមុខងារ AI ដែលមានថាមពលខ្ពស់ នៅពេលដែលសមត្ថភាពលើឧបករណ៍ប្រើប្រាស់ដូចជា iPhone និង Mac មិនគ្រប់គ្រាន់។ ទោះបីជា Apple ដំណើរការកិច្ចការ AI ភាគច្រើនដោយផ្ទាល់លើឧបករណ៍ដើម្បីផ្តល់អាទិភាពដល់ភាពឯកជនក៏ដោយ ប៉ុន្តែកិច្ចការធំៗត្រូវបានដំណើរការនៅលើ PCC ដែលជាកន្លែងមួយសម្រាប់ដើម្បីដំណើរការមុខងារ end-to-end encryption​​ ដើម្បីការពារទិន្នន័យអ្នកប្រើប្រាស់។

2

រង្វាន់សម្រាប់អ្នកដែលអាចស្វែងរកកំហុសបានគឺគេបែងចែកជាថ្នាក់ៗ ដោយមានរង្វាន់ថ្នាក់កំពូលចំនួន ១លានដុល្លារចំពោះអ្នកដែលអាចស្វែងរកកំហុសធ្ងន់ធ្ងរដែលវាអាចមានការបង្កគ្រោះថ្នាក់ដល់ PCCServer។ រង្វាន់បន្ថែមទៀត ដូចជា ២៥០,០០០ដុល្លារសម្រាប់ការបំពានទិន្នន័យអ្នកប្រើប្រាស់ និង ១៥០,០០០ដុល្លារសម្រាប់ភាពងាយរងគ្រោះទៅលើ Network Level។​ ហើយនេះគឺជាការលើកទឹកចិត្តឱ្យអ្នកស្រាវជ្រាវដោះស្រាយបញ្ហាសន្តិសុខដែលអាចកើតមានជាច្រើនទៀត។ តាមរយៈរង្វាន់ដែលគេបានរៀបចំនេះ Apple មានគោលបំណងជ្រើសរើស Hacker ដែលប្រកបដោយក្រមសីលធម៌ (ethical hackers)​ ក្នុងការស្វែងរក និងដោះស្រាយការគំរាមកំហែងផ្សេងៗដែលអាចកើតមាន។

1

យ៉ាងណាមិញសម្រាប់វត្តិនៃការផ្តល់ប្រាក់រង្វាន់សម្រាប់អ្នកដែលអាចស្វែងរកឃើញកំហុសនេះ Apple ក៏ធ្លាប់បានធ្វើវារួចមកហើយដែរ ជាក់ស្តែង​ Apple ធ្លាប់បានផ្តល់រង្វាន់ ១០០,០០០ដុល្លារ​ ទៅនិស្សិតសាកលវិទ្យាល័យម្នាក់សម្រាប់ការកំណត់អត្តសញ្ញាណកំហុសក្នុងប្រព័ន្ធប្រតិបត្តិការ Mac របស់ខ្លួន។ ដោយផ្តល់រង្វាន់កាន់តែខ្ពស់ពេលនេះ ក្រុមហ៊ុនសង្ឃឹមថានឹងអាចទាក់ទាញអ្នកដែលមានទេពកោសល្យកម្រិតខ្ពស់ដើម្បីការពារបច្ចេកវិទ្យា AI ចុងក្រោយបំផុតរបស់ខ្លួន។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia