លេងឈុតធំហើយ! Meta ចាប់ដៃជាមួយអ្នកផលិតកុន Hollywood ដើម្បីសាកប្រើ AI ផលិតវីដេអូរបស់ខ្លួន
Makara Rin
OCTOBER 18 2024
នវានុវត្តន៍
148 views
2 mins read

ក្រុមហ៊ុន Meta បានដាក់បច្ចេកវិទ្យាផលិតវីដេអូ (Generative AI Video) របស់ខ្លួនទៅឱ្យអ្នកថតភាពយន្តហូលីវូដ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងជាវិជ្ជមានជាមួយឧស្សាហកម្មភាពយន្ត និងប្រមូលមតិយោបល់សម្រាប់ការកែលម្អ។ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះបានបង្ហាញពីកិច្ចសហការជាមួយស្ទូឌីយោភាពយន្តរន្ធត់ Blumhouse និងអ្នកថតភាពយន្តជ្រើសរើសមួយចំនួន ជាផ្នែកនៃកម្មវិធីសាកល្បងសម្រាប់ Movie Gen ដែលជា Tool បង្កើតវីដេអូដោយ AI។ កម្មវិធីនេះត្រូវបានគ្រោងនឹងពង្រីកបន្ថែមទៀតនៅឆ្នាំ 2025 ខាងមុខ។

670135792b8be Meta Movie Gen 054751969 16x9កាលពីដើមខែនេះ Meta បានបញ្ចេញជាមួយនឹងមុខងារ Meta Movie Gen ដែលជាម៉ូដែល AI ដែលបង្កើតវីដេអូមើលទៅដូចពិតៗអ៊ីចឹង តាមរយៈការបញ្ចូលពាក្យឬហៅថា Prompt ឬក៏យើងអាចកែលម្អវីដេអូដែលមានស្រាប់ក៏បានដែរ។ Movie Gen អាចបង្កើតឈុតវីដេអូរហូតដល់ 16 វិនាទីក្នុងគុណភាព 1080p HD កម្រិត 16fps រួមទាំងសំឡេងផងដែរ។ វាត្រូវបានគ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅលើ Instagram នៅឆ្នាំ 2025 បើតាមការប្រកាសរបស់លោក Mark Zuckerberg ដែលជានាយកប្រតិបត្តិក្រុមហ៊ុន។ 

សម្រាប់កម្មវិធីសាកល្បងនេះ Blumhouse បានជ្រើសរើសក្រុមអ្នកថតភាពយន្តមួយក្រុមដើម្បីសាកល្បងជាមួយឈុតវីដេអូដែលបង្កើតដោយ AI របស់ Movie Gen។ អ្នកចូលរួមរួមមានតារាសម្តែង និងអ្នកដឹកនាំ Casey Affleck ("I'm Still Here," "Light of My Life"), Aneesh Chaganty ("Searching," "Run") និងបងប្អូនស្រី Spurlock ("The Breakline") ផងដែរ។

ខ្សែភាពយន្តខ្លីរបស់ Chaganty ដែលមានចំណងជើងថា "i h8 ai" គឺមាននៅលើ Movie Gen របស់ Meta និង YouTube ដែលនិយាយអំពីអារម្មណ៍ប្រឆាំងរបស់គាត់ចំពោះ AI ដោយឆ្លុះបញ្ចាំងពីផលប៉ះពាល់អវិជ្ជមានដែលអាចកើតមានចំពោះឧស្សាហកម្មរបស់គាត់។ ខ្សែភាពយន្តនេះបង្ហាញពីរបៀបដែល Chaganty បានប្រើ Movie Gen ដើម្បីកែលម្អវីដេអូគ្រួសារចាស់ៗ ដោយបន្ថែមបច្ចេកទេសពិសេសដូចជាការបំលែងប្អូនប្រុសរបស់គាត់ទៅជាភាវៈចម្លែក។ ខណៈពេលដែលគាត់ទទួលស្គាល់ថាស្អប់ AI គាត់ក៏ទទួលស្គាល់ដែរថាឧបករណ៍បែបនេះអាចជំរុញឱ្យអ្នកច្នៃប្រឌិតគិតធំជាងមុន។

យោងតាម Meta អ្នកថតភាពយន្តបានរកឃើញថា Movie Gen មានប្រយោជន៍សម្រាប់ការបង្ហាញគំនិតច្នៃប្រឌិត និងស្វែងរកលទ្ធភាពថ្មីៗផ្នែកទស្សនីយភាព។ សមត្ថភាពផ្នែកសំឡេង AI នេះក៏បានជួយដល់អ្នកដឹកនាំក្នុងការសាកល្បងជាមួយសំឡេង Background និងបច្ចេកទេសសំឡេងផ្សេងទៀតផងដែរ។ 

Meta មានគម្រោងពង្រីកភាពជាដៃគូនេះឱ្យហួសពីឧស្សាហកម្មភាពយន្ត ដោយសហការជាមួយអ្នកបង្កើតមាតិកាឌីជីថលផងដែរ។ ទោះបីជា Movie Gen នឹងមិនអាចប្រើប្រាស់ជាសាធារណៈបានរហូតដល់ឆ្នាំក្រោយក៏ដោយ Meta សង្កត់ធ្ងន់លើសារៈសំខាន់នៃការសន្ទនាដំបូងជាមួយសហគមន៍ច្នៃប្រឌិត ដើម្បីធានាថាឧបករណ៍នេះមានប្រយោជន៍ និងត្រូវបានប្រើប្រាស់ដោយទទួលខុសត្រូវ។ នេះជាការលើកឡើងរបស់លោក Connor Hayes អនុប្រធានផ្នែក AI បង្កើតថ្មីនៅ Meta 

អត្ថបទដោយ៖ រិន​ មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia