Tik Tok នឹងបិទមិនឱ្យក្មេងក្រោម ១៨ ឆ្នាំប្រើ Filter ទេ ព្រោះបារម្ភរឿងផ្លូវចិត្តក្មេង
Sakada Techie
NOVEMBER 28 2024
អាជីវកម្ម 4.0
539 views
1 min read

TikTok ជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមដែលមានអ្នកប្រើច្រើនជាង១ពាន់លាន បានប្រកាសវិធានការថ្មីៗដើម្បីទប់ទល់នឹងកង្វល់ដែលកំពុងកើនឡើងអំពីផលប៉ះពាល់របស់ខ្លួនទៅលើកុមារ ឬក្មេងក្រោម១៨ឆ្នាំ ដោយក្រុមហ៊ុននឹងទប់ស្កាត់អ្នកប្រើដែលមានអាយុក្រោម 18 ឆ្នាំមិនឱ្យចូលប្រើប្រាស់filter មួយចំនួនដែលរចនាឡើងដើម្បីផ្លាស់ប្ដូររូបរាងរបស់ពួកគេ រួមមាន beauty effects ដែលផ្លាស់ប្ដូរលក្ខណៈទម្រង់មុខ។ ជំហាន​នេះ​ត្រូវបាន​ដាក់​ចេញ​ក្រោយ​ពី​មាន​ការ​រិះគន់​អំពី​របៀបដែល filters ទាំងនេះ​ប៉ះពាល់​ដល់​សុខភាពផ្លូវចិត្ត​របស់​អ្នកប្រើ​ជំទង់។

សេចក្ដីសម្រេចនេះបានមកបន្ទាប់ពីសំណុំរឿងច្បាប់ត្រូវបានដាក់ឱ្យដំណើរការដោយមេធាវីរដ្ឋាភិបាលចំនួន 14 នាក់នៅសហរដ្ឋអាមេរិកដែលចោទ TikTok ថាបង្កការខូចខាតដល់កុមារ ដោយរួមចំណែកបង្កើតបញ្ហាសុខភាពផ្លូវចិត្ត និងប្រមូលទិន្នន័យរបស់ពួកគេ។បន្ថែមពីនេះទៅទៀត របាយការណ៍មួយបង្ហាញថា ការសិក្សាផ្ទៃក្នុងរបស់ TikTok ផ្ទាល់ក៏បង្ហាញពីផលប៉ះពាល់អវិជ្ជមាននៅលើអ្នកប្រើវ័យជំទង់ផងដែរ។

TikTok ដែលជាកម្មសិទ្ធិរបស់ ByteDance ជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលមានតម្លៃខ្ទង់ 300 ពាន់លានដុល្លារ អនុញ្ញាតឱ្យអ្នកប្រើដែលមានអាយុចាប់ពី 13 ឆ្នាំឡើងទៅចូលប្រើប្រាស់។ នៅពេលដែលអ្នកប្រើអាយុ 13 ទៅ 18 ឆ្នាំមាននៅការកំណត់ផ្សេងៗ ប៉ុន្តែអ្នកទទួលបន្ទុកបទបញ្ញត្តិបានសួរសំណួរពីរបៀបដែលវេទិកាកំណត់អាយុអ្នកប្រើប្រាស់របស់ខ្លួន។

ការដាក់កំហិត filter ថ្មីនេះហាក់ដូចជាជាការឆ្លើយតបចំពោះការរិះគន់ដែលកំពុងដំណើរការ ដោយផ្ដោតសំខាន់ទៅលើការកាត់បន្ថយហានិភ័យដែលបង្កដោយ beauty filters ជំនួសឱ្យ effects សប្បាយៗដូចជាត្រចៀកកូនសត្វ មុខសត្វជាដើម។

ការផ្លាស់ប្ដូរទាំងនេះត្រូវបានរៀបចំឱ្យដំណើរការជាសកល នៅក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ សបញ្ជាក់ពីជំហានរបស់ TikTok ចុងក្រោយបង្អស់ក្នុងការធ្វើឱ្យមានតុល្យភាពរវាងភាពពេញនិយមរបស់ខ្លួន នៅនឹងការត្រួតពិនិត្យបទបញ្ញត្តិដែលកំពុងកើនឡើង។ អ្នកវិភាគនឹងមើលយ៉ាងយកចិត្តទុកដាក់ដើម្បីឃើញថាតើការផ្លាស់ប្ដូរទាំងនេះបង្ហាញបាននូវការប៉ះប៉ូវទៅនឹងកង្វល់ទាំងឡាយរបស់មាតាបិតា អ្នកបង្កើតបទបញ្ញត្តិ នឹងអ្នកជំនាញសុខភាពផ្លូវចិត្ត ដែរឬទេ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia